|
តើក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាអ្វី?
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នឯករាជ្យមួយដែលមានមុខងារដោះស្រាយវិវាទការងាររួម ដែលផ្សះផ្សាមិនសះជា។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ យោងតាមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារនៅឆ្នាំ ១៩៩។
តើអ្នកណាខ្លះជាសមាសភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល?
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានរចនាសម្ព័ន្ធជាត្រីភាគី។ មានន័យថា ក្រុមប្រឹក្សានេះមានសមាសភាពស្នើឡើងដោយភាគីបីគឺ (១)-សហជីពកម្មករនិយោជិត (២)-សមាគមនិយោជក និង (៣)-ក្រសួងការងារ។ បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្ដាល មានអាជ្ញាកណ្ដាលចំនួន ៣០រូបដែលត្រូវបានតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការងារសម្រាប់អាណត្តិ ១ឆ្នាំ។
តើក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទប្រភេទណាខ្លះ?
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទការងាររួម។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលអាចដោះស្រាយវិវាទសិទ្ធិ និងវិវាទផលប្រយោជន៍។ វិវាទសិទ្ធិគឺជាវិវាទទាក់ទងនឹងសិទ្ធិរបស់ភាគីណាមួយដូចមានចែងក្នុងច្បាប់ជាធរមាន។ ចំណែកឯវិវាទផលប្រយោជន៍គឺជាវិវាទទាក់ទងនឹងផលប្រយោជន៍នៅពេលអនាគត ហើយវាមិនទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងពេល បច្ចុប្បន្នឡើយ។
តើរឿងក្ដី (វិវាទ)ត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោយរបៀបណា?
ប្រសិនបើភាគីវិវាទការងាររួមទាំងពីរមិនអាចឈានដល់ការព្រមព្រៀងគ្នាតាមរយៈការចរចា ឬការផ្សះ ផ្សាបានទេ មន្ត្រីផ្សះផ្សាវិវាទនឹងបញ្ជូនវិវាទនោះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាមរយៈរដ្ឋមន្ត្រីក្រសួងទទួល បន្ទុកការងារ។
តើអ្នកណាជាអ្នកសំរេចរឿងក្ដី?
អាជ្ញាកណ្ដាល ៣រូបនឹងត្រូវជ្រើសតាំងដើម្បីសំរេចរឿងក្ដីនិមួយ។ អាជ្ញាកណ្ដាលទាំង ៣រូបត្រូវបានហៅថា ក្រុមអាជ្ញាកណ្ដាល។ ក្រុមអាជ្ញាកណ្ដាលនេះតំណាងអោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលហើយទទួលខុសត្រូវធ្វើសេចក្ដីសំរេច និងចេញសេចក្ដីបង្គាប់ដើម្បីដោះស្រាយវិវាទរវាងភាគីទាំងពីរ។
តើក្រុមអាជ្ញាកណ្ដាលត្រូវបានជ្រើសរើសតាមវិធីណា?
ភាគីនៃវិវាទត្រូវជ្រើសរើសអាជ្ញាកណ្ដាល ១រូបចេញពីបញ្ជីអាជ្ញាកណ្ដាលរបស់ខ្លួនដើម្បីជំនុំជំរៈរឿងក្ដី។ បន្ទាប់មកអាជ្ញាកណ្ដាលទាំងពីរដែលជ្រើសរើសដោយភាគីវិវាទត្រូវជ្រើសរើសអាជ្ញាកណ្ដាលទីបីមួយរូបទៀត ដើម្បីឱ្យដឹកនាំអង្គសវនាការ។ ក្រុមអាជ្ញាកណ្ដាលមានអាជ្ញាកណ្ដាលចំនួនបីរូប។ ក្រុមអាជ្ញាកណ្ដាលត្រូវតែបង្កើតឡើងក្នុងរយៈពេលបីថ្ងៃ ហើយក្រុមអាជ្ញាកណ្ដាលត្រូវចេញសេចក្ដីបង្គាប់ក្នុងរយៈពេល ១៥ថ្ងៃធ្វើការលើកលែងតែភាគីទាំងពីរយល់ព្រមពន្យារពេល។
តើក្រុមអាជ្ញាកណ្ដាលសំរេចសេចក្ដីយ៉ាងដូចម្ដេច?
ក្នុងករណីវិវាទទាក់ទងនឹងសិទ្ធិ ក្រុមអាជ្ញាកណ្ដាលនឹងសំរេចសេចក្ដីដោយយោងទៅតាមច្បាប់។ ក្នុង ករណីវិវាទទាក់ទងនឹងផលប្រយោជន៍ ក្រុមអាជ្ញាកណ្ដាលនឹងសំរេចសេចក្ដីដោយយោងទៅតាមគោលការណ៍សមធម៌។
តើកម្មករអាចធ្វើកូដកម្ម ឬនិយោជកអាចផ្អាកសកម្មភាពការងារ (ឡុកអៅ)បានឬទេ ក្នុងពេលរឿងក្ដី កំពុងត្រូវ បានដោះស្រាយ?
មិនអាចបានទេ។ ការធ្វើកូដកម្ម ឬការផ្អាកសកម្មភាពការងារ (ឡុកអៅ) គឺជាអំពើមិនស្របច្បាប់នៅ ពេលដែលរឿងក្ដីកំពុងត្រូវបានដោះស្រាយ។ ការធ្វើកូដកម្ម ឬការផ្អាកសកម្មភាពការងារ (ឡុកអៅ) អាចធ្វើឡើងបាន លុះត្រាតែភាគីណាមួយបដិសេធនឹងសេចក្ដីបង្គាប់របស់ក្រុមអាជ្ញាកណ្ដាល ឬនៅពេលដែលក្រុមអាជ្ញាកណ្ដាល ខនខានមិនបានបំពេញ ការងាររបស់ខ្លួនតាមរយៈពេលកំណត់នៅក្នុងច្បាប់។
តើសេចក្ដីបង្គាប់អាជ្ញាកណ្ដាលគឺជាអ្វី?
សេចក្ដីបង្គាប់អាជ្ញាកណ្ដាល គឺជាការសេចក្ដីសំរេចរបស់ក្រុមអាជ្ញាកណ្ដាល។ ក្រុមអាជ្ញាកណ្ដាល នឹងព្យាយាមសំរេចជាឯកឆន្ទប៉ុន្តែក្រុមអាជ្ញាកណ្ដាលនឹងសំរេចតាមមតិភាគច្រើន ប្រសិនបើការសំរេចជាឯកឆន្ទមិន អាចធ្វើទៅបាន។ ទោះក្នុងករណីណាក៏ដោយ អាជ្ញាកណ្ដាលទាំងបីរូបត្រូវតែចុះហត្ថលេខាលើសេចក្ដីបង្គាប់របស់ខ្លួន។ ច្បាប់ចំលងនៃសេចក្ដីបង្គាប់ដែលត្រឹមត្រូវមួយត្រូវតែផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងភាគីវិវាទទាំង ពីរ។
តើកម្មករ ឬនិយោជកអាចជំទាស់នឹងសេចក្ដីបង្គាប់របស់ក្រុមអាជ្ញាកណ្ដាលបានឬទេ?
មុននឹងក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញសេចក្ដីបង្គាប់ ភាគីទាំងពីរត្រូវជ្រើសរើសប្រភេទនៃសេចក្ដីបង្គាប់ ជាសេចក្ដីបង្គាប់ជាប់កាតព្វកិច្ច ឬជាសេចក្ដីបង្គាប់មិនជាប់កាតព្វកិច្ច។ ប្រសិនបើភាគីទាំងពីរជ្រើសរើសសេចក្ដីបង្គាប់ជាប់កាតព្វកិច្ច ភាគីទាំងពីរគ្មានសិទ្ធិប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់នេះឡើយហើយសេចក្ដីបង្គាប់នេះនឹងចងកាតព្វកិច្ច ហើយអនុវត្ដលើភាគីទាំងពីរភ្លាម។ ប្រសិនបើភាគីណាមួយ ឬភាគីទាំងពីរមិនឯកភាពលើសេចក្ដីបង្គាប់ជាប់កាតព្វកិច្ចទេ ពេលនោះសេចក្ដីបង្គាប់អាជ្ញាកណ្ដាលនឹងក្លាយជាសេចក្ដីបង្គាប់មិនជាប់កាតព្វកិច្ច។ ចំណុចនេះមានន័យថា ភាគីណាមួយនៃវិវាទមានសិទ្ធិប្ដឹងជំទាស់ទៅនឹងសេចក្ដីបង្គាប់នោះបាន (ក្នុងរយៈពេល ៨ថ្ងៃ)។ ប្រសិនបើភាគីណាមួយដាក់ពាក្យប្ដឹងជំទាស់ទៅនឹងសេចក្ដីបង្គាប់ នោះវានឹងត្រូវទុកជាមោឃៈ និងមិន អាចអនុវត្ដបានទេ។ ប៉ុន្តែប្រសិនបើមិនមានភាគីណាមួយដាក់ពាក្យប្ដឹងជំទាស់ទៅនឹងសេចក្ដីបង្គាប់នោះទេ សេចក្ដីបង្គាប់នឹងអាចអនុវត្ដបាន ហើយភាគីទាំងពីរជាប់កាតព្វកិច្ចអនុវត្ដសេចក្ដីបង្គាប់នេះបន្ទាប់ពីផុតរយៈ ពេលប្ដឹងជំទាស់ចំនួន ៨ថ្ងៃប្រក្រតិទិន។
តើកម្មករ ឬនិយោជកត្រូវដាក់ពាក្យបណ្ដឹងជំទាស់នឹងសេចក្ដីបង្គាប់អាជ្ញាកណ្ដាលដោយរបៀបណា?
ការជំទាស់នឹងសេចក្ដីបង្គាប់ត្រូវធ្វើឡើងក្នុងរយៈពេល ៨ថ្ងៃប្រក្រតិទិនបន្ទាប់ពីទទួលបានច្បាប់ចំលងត្រឹមត្រូវនៃសេចក្ដីបង្គាប់។ ការប្ដឹងជំទាស់ក្រោយរយៈពេល ៨ថ្ងៃនឹងមិនមានប្រសិទ្ធភាពឡើយ។ ដើម្បីដាក់ ពាក្យប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់ ភាគីវិវាទត្រូវជូនដំណឹងដល់លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាលជា លាយលក្ខណ៍អក្សរ ឬបំពេញបែបបទនៅការិយាល័យរបស់លេខាធិការដ្ឋាននេះ។ នៅពេលណាដែលការ ជំទាស់ត្រូវបានធ្វើឡើងហើយ សេចក្ដីបង្គាប់នឹងក្លាយជាមោឃៈហើយភាគីទាំងពីរមានសិទ្ធិធ្វើកូដកម្ម ឬផ្អាកសកម្មភាពការងារ (ឡុកអៅ)។ ក្នុងករណីនេះ ភាគីវិវាទទាក់ទង នឹងសិទ្ធិអាចជ្រើសរើសវិធីដោះស្រាយវិវាទរបស់ពួកគេតាមរយៈតុលាការ។
តើលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺជាស្ថាប័នអ្វី?
លេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នដែលត្រូវបង្កើតឡើងដោយប្រកាសរបស់ក្រសួងការងារ។ លេខាធិការដ្ឋានមានមុខងារផ្ដល់ការគាំទ្រ ឬជួយសម្រួលការងាររដ្ឋបាលដល់ក្រុមប្រឹក្សាអាជ្ញា កណ្ដាល។ ភាគីវិវាទមិនអាចទាក់ទងទៅក្រុមអាជ្ញាកណ្ដាលដោយផ្ទាល់បានទេ លើកលែងតែក្នុងថ្ងៃសវនាការ។ រាល់ការទំនាក់ទំនង និងការសួរនាំព័ត៌មាននានាត្រូវតែទាក់ទងផ្ទាល់ទៅលេខាធិការដ្ឋាន។
|