|
គោលការណ៍ណែនាំនេះពន្យល់ពីជំហានដែលអ្នកនាំបណ្តឹងមកក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវរៀបចំ ដើម្បីដំណើរការ នីតិវិធីនៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
អ្នកនាំបណ្តឹងមកគួរតែអានច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ និងបទបញ្ញាត្តិផ្សេងៗទាក់ទងនឹងការងារ រាប់បញ្ចូល ទាំងប្រកាសលេខ ០៩៩ ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ២០០៤ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម អាចរកបាននៅក្នុងកូនសៀវភៅ “ក្រុមប្រឹក្សាអាជ្ញាកណ្តាល សំនួរ និង ចំលើយ” និង សៀវភៅ “ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ដំណើរការដោះស្រាយវិវាទការងារនៅកម្ពុជា” ដែលបោះពុម្ពផ្សាយ ដោយអង្គការពលកម្ម អន្តរជាតិ - គម្រោងដោះស្រាយវិវាទការងារនៅប្រទេសកម្ពុជា។ សៀវភៅទាំងនេះ អាចរកបាននៅលេខាធិការដ្ឋានក្រុមប្រឹក្សា អាជ្ញាកណ្តាល។
តួនាទីអាជ្ញាកណ្តាល
អាជ្ញាកណ្តាលបីរូបបង្កើតបានជាក្រុមអាជ្ញាកណ្តាលដែលគ្រប់គ្រងលើដំណើរការអាជ្ញាកណ្តាល។
អាជ្ញាកណ្តាលទាំងអស់ជាអ្នកដែលមានឯករាជ្យ និងអព្យាក្រឹត មានន័យថាអាជ្ញាកណ្តាលនីមួយៗ ដោះស្រាយសំណុំរឿង នីមួយៗ ដោយយោងទៅលើអង្គហេតុ និងមិនលំអៀងទៅខាងភាគីណាមួយឡើយ។ ភាគីអាចនិយាយ ទៅកាន់អាជ្ញាកណ្តាល បានតែនៅក្នុងពេលសវនាការតែប៉ុណ្ណោះ។ រាល់ការប្រាស្រ័យទាក់ទងគ្នារវាងភាគី និងអាជ្ញាកណ្តាលក្រៅពេលសវនាការ អាចធ្វើ ទៅបានតាមរយៈលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល។
តួនាទីលេខាធិការដ្ឋាន
លេខាធិការដ្ឋានមានតួនាទីជីយួសម្របសម្រួលការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លេខាធិការដ្ឋាន អាចផ្តល់ប្រឹក្សាអំពីនីតិវិធីដើម្បីដែលភាគីត្រូវអនុវត្ត ប៉ុន្តែមិនអាចផ្តល់ជាយោបល់ផ្នែកច្បាប់ ដល់អ្នកបានទេ។
លេខាធិការដ្ឋានជាការិយាអព្យាក្រឹត្យ និងមិនលំអៀងទៅខាងភាគីណាមួយទេ។
អ្នកតំណាងភាគី
ប្រសិនបើមានបុគ្គលណាមួយ ឬមេធាវីដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងមកធ្វើជាតំណាងឱ្យអ្នក បុគ្គល ឬមេធាវីនោះត្រូវតែមានលិខិតផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ ដើម្បីអាចធ្វើជាអ្នកតំណាងរបស់ភាគីបាន។
ឧទាហរណ៍
- ប្រសិនជាអ្នកជារដ្ឋបាលក្រុមហ៊ុន អ្នកត្រូវតែមានលិខិតផ្ទេរសិទ្ធិពីម្ចាស់ក្រុមហ៊ុន។
- ប្រសិនជាអ្នកជាសហជីពដែលមិនទាន់ចុះបញ្ជិកា អ្នកត្រូវតែមានលិខិតផ្ទេរសិទ្ធិពីកម្មករ និយោជិតដែលអ្នកតំណាងឱ្យ។
- ប្រសិនជាអ្នកជាសហជីពដែលបានចុះបញ្ជិការួមហើយ អ្នកត្រូវតែមានលិខិតផ្ទេរសិទ្ធិពីកម្មករ និយោជិតដែលអ្នកតំណាងឱ្យ ដែលមិនមែនជាសមាជិកសហជីព។ (បើអ្នកជាសហជីពដែលបាន ចុះបញ្ជិកា មិនចាំបាច់មានលិខិតផ្ទេរសិទ្ធិពីកម្មករនិយោជិតដែលជាសមាជិកសហជីពទេ)។
អ្នកតំណាងត្រូវតែជាបុគ្គលដែលមានការយល់ដឹងល្អអំពីវិវាទការងារ និងមានអំណាចក្នុងការធ្វើកិច្ច ព្រមព្រៀងជាមួយភាគី ម្ខាងទៀត។
អ្នកអាចសុំទម្រង់បែបបទលិខិតផ្ទេរសិទ្ធិពីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល។
វាជាការសំខាន់ណាស់ដែលលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលលិខិតផ្ទេរសិទ្ធិតំណាងមុនពេល សវនាការ ចាប់ផ្តើម។ ប្រសិនបើលេខាធិការដ្ឋានមិនបានទទួលលិខិតផ្ទេរសិទ្ធិទេ នោះសវនាការអាចនឹងត្រូវពន្យាពេល។
អំណះអំណាង
អំណះអំណាងរបស់អ្នកគឺជាហេតុផលដែលអ្នកគិតថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងសម្រេចឱ្យអ្នកឈ្នះក្តី។
នៅពេលសវនាការ អាជ្ញាកណ្តាលនឹងសម្រេចសេចក្តី ដោយផ្អែកលើអំណះអំណាងរបស់អ្នក និងរបស់ភាគីម្ខាងទៀត។
អ្នកត្រូវតែរៀបចំឱ្យរួចរាល់ដើម្បីលើកឡើងពីអំណះអំណាងរបស់អ្នកសម្រាប់ចំណុចវិវាទនីមួយៗនៅក្នុងវិវាទ។
ឧទាហរណ៍
- តើមានបញ្ហាអ្វីកើតឡើង និងមានអង្គហេតុអ្វីផ្សេងទៀតដែលពាក់ព័ន្ធ? (ដឹងពីព្រឹត្តិការណ៍ សំខាន់ៗ និងកាលបរិច្ឆេទ)
- តើអ្នកទាមទារពីអ្វី ឬតើអ្នកឆ្លើយតបយ៉ាងដូចម្តេចចំពោះការទាមទាររបស់ភាគីម្ខាងទៀត?
- តើអ្នកចង់បានអ្វីដែលជាការសម្របសម្រួលមួយដែលអ្នកអាចទទួលយកបាន?
- តើហេតុអ្វីបានជាអ្នកគិតថាការទាមទារអាចទទួលយកបាន ឬ អាចត្រូវបានបដិសេធចោល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល?
ភស្តុតាង
ភស្តុតាងគឺជាអ្វីម៉្យាងដែលគាំទ្រអំណះអំណាងរបស់អ្នកលើចំណុចណាមួយ នៅក្នុងវិវាទ និងដែលបញ្ជាក់ថាតើអ្វីជា អង្គហេតុពិតប្រាកដនៅក្នុងសំណុំរឿងមួយ។ ក្នុងករណីមួយចំនួន ភាគីមានជម្លោះទៅលើអង្គហេតុ (ឧទាហរណ៍ ភាគីទាំងពីរ មិន យល់ស្របគ្នាអំពីអ្វីដែលបានកើតឡើង) នៅក្នុងករណីបែបនេះ ភស្តុតាងអាចជួយដោះស្រាយបញ្ហាវិវាទទៅលើអង្គហេតុបាន។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងធ្វើការសម្រេចថាតើភស្តុតាងមួយមានលក្ខណៈអាចទទួលយកបាន ឬទេ ថាតើភស្តុតាង មានសារៈសំខាន់ឬទេ និងថាតើវាគ្រប់គ្រាន់ដើម្បីគាំទ្រអំណះអំណាងរបស់អ្នកឬទេ។
ប្រសិនបើភាគីទាំងសងខាង ព្រមព្រៀងគ្នាថា ភាគីទាំងសងខាងមិនមានជម្លោះគ្នាលើអង្គហេតុជាក់លាក់ណាមួយនោះ អ្នកគួរតែប្រាប់ទៅអាជ្ញាកណ្តាលអំពីអង្គហេតុដែលអ្នកបានព្រមព្រៀងគ្នារួចហើយ។
ភស្តុតាងអាចជាឯកសារជាលាយលក្ខណ៍អក្សរ ដែលគាំទ្រចំពោះអំណះអំណាងដែលអ្នកដាក់នៅក្នុងសំណុំរឿងរបស់ អ្នក។
ឧទាហរណ៍
- អនុសញ្ញារួមមួយ អាចជាភស្តុតាងបញ្ជាក់អំពីកិច្ចព្រមព្រៀងរវាងនិយោជក និងកម្មករនិយោជិតអំពីល័ក្ខខ័ណ្ឌ ការងារ។
- តារាងបើកប្រាក់ឈ្នួល ឬបង្កាន់ដៃបើកប្រាក់ឈ្នួល អាចជាភស្តុតាងបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលនិយោជកបាន បង់ទៅឱ្យកម្មករនិយោជិត។
ជាទូទៅ ភាគីត្រូវផ្តល់ឯកសារខាងក្រោមនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលមុនពេលកាលបរិច្ឆេទសវនាការៈ
ដោយនិយោជក
១. សារណាសង្ខេបអំពីអង្គហេតុដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា
២. វិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុន
៣. លក្ខន្តិកៈ អនុស្សារណៈរបស់ក្រុមហ៊ុន
៤. បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
៥. កិច្ចព្រមព្រៀង ឬអនុសញ្ញារួមរវាងនិយោជក និងកម្មករនិយោជិត
៦. ឯកសារដទៃទៀតដែលទាក់ទងនិងវិវាទការងារនោះ
ដោយសហជីព
១. សារណាសង្ខេបអំពីអង្គហេតុដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា
២. វិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជិការសហជីព និងលក្ខន្តិកៈសហជីព
៣. កិច្ចព្រមព្រៀង ឬអនុសញ្ញារួមរវាងនិយោជក និងកម្មករនិយោជិត
៤. ឯកសារដទៃទៀតដែលទាក់ទងនិងវិវាទការងារនោះ
ក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចនឹងតម្រូវឱ្យភាគីផ្តល់ឯកសារផ្សេងៗបន្ថែមទៀត។
លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងជម្រាប់ប្រាប់អ្នក ប្រសិនបើក្រុមប្រឹក្សាអាជ្ញាកណ្តាល ទាមទារឱ្យភាគី ដាក់ឯកសារបន្ថែមទៀត។ លេខាធិការដ្ឋាន ក៏នឹងជម្រាបប្រាប់អ្នកផងដែរអំពី ពេលវេលា និងឱសានវាទ ដែលអ្នកត្រូវដាក់ ឯកសារទាំងនោះ ជូនទៅ លេខាធិការដ្ឋាន។
ការដាក់ឯកសារជូនលេខាធិការដ្ឋាន នៅថ្ងៃសវនាការ អាចនឹងធ្វើឱ្យសំណុំរឿងរបស់អ្នកត្រូវពន្យាពេល។
ភស្តុតាងក៏អាចជាអំណះអំណាងផ្ទាល់មាត់ ពីសាក្សីណាម្នាក់ដែលដឹងពីការពិត។
នៅថ្ងៃសវនាការ សាក្សី អាចផ្តល់ភស្តុតាងផ្ទាល់មាត់ តាមរយៈការរៀបរាប់អំពីការពិតប្រាប់ទៅក្រុមប្រឹក្សាអាជ្ញា កណ្តាល។
នៅថ្ងៃសវនាការ អាជ្ញាកណ្តាលអាចសាកសួរទៅសាក្សី។ អ្នក និងភាគីម្ខាងទៀត ក៏មានសិទ្ធិសួរសំនួរទៅសាក្សីបាន ដែរ។ ភាគីម្ខាងទៀតមានសិទ្ធិនាំភស្តុតាងរបស់គេមក ដែលអាចនឹងជំទាស់ ឬផ្ទុយទៅនឹងភស្តុតាងរបស់អ្នក។
សំណៅឯកសារថតចម្លង
អ្នកមានកាតព្វកិច្ចត្រូវផ្តល់ឯកសារដល់ក្រុមអាជ្ញាកណ្តាល។ អ្នកត្រូវតែផ្តល់ឯកសារជូនជូនលេខាធិការដ្ឋានតាមចំនួន ដូចខាងក្រោមៈ
- សំណៅឯកសារមួយច្បាប់សម្រាប់អាជ្ញាកណ្តាលម្នាក់ៗ (បីច្បាប់)
- សំណៅឯកសារមួយច្បាប់សម្រាប់សំណុំឯកសាររបស់លេខាធិការដ្ឋាន
- សំណៅឯកសារមួយច្បាប់សម្រាប់ភាគីម្ខាងទៀត
ឧទាហរណ៍
ប្រសិនបើក្រុមអាជ្ញាកណ្តាល ណែនាំឱ្យអ្នកដាក់វិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម ឬបញ្ជិការសហជីព អ្នកត្រូវតែផ្តល់ឯកសារនេះចំនួន ប្រាំច្បាប់ ជូនដល់លេខាធិការដ្ឋាន។
ប្រសិនបើអ្នកមិនផ្តល់សំណៅឯកសារក្នុងចំនួនគ្រប់គ្រាន់ជូនដល់លេខាធិការដ្ឋានទេនោះ អាចនឹងធ្វើឱ្យសវនាការត្រូវ ពន្យាពេល។
ភាគីត្រូវផ្តល់ឯកសារជូនទៅលេខាធិការដ្ឋានឱ្យបានមុនពេលថ្ងៃសវនាការ។
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម អ្នកអាចទំនាក់ទំនងទៅកាន់លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលតាម អាសយដ្ឋានៈ
ផ្ទះលេខ ៧២, ផ្លូវ ៥៩២ កែង ផ្លូវ ៣២៧, សង្កាត់បឹងកក់២, ខណ្ឌទួលគោក, ភ្នំពេញ
ទូរស័ព្ទៈ ០២៣ ៨៨១ ៨១៤ / ០២៣ ៨៨១ ៨១៥
ទូរសារៈ ០២៣ ៨៨១ ៨២៤
|