ប្រវត្តិក្រុមប្រឹក្សាអាជ្ញាកណ្តាល
|
កំណើនសេដ្ឋកិច្ចកម្ពុជា
ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ រហូតមកទល់ចុងទស្សវត្សឆ្នាំ ១៩៩០ ប្រទេសកម្ពុជាបានឆ្លងកាត់នូវការផ្លាស់ប្តូរ យ៉ាងច្រើន ដោយសារប្រទេសនេះ ទើបបានងើបចេញសង្គ្រាមស៊ីវិលដែលអូសបន្លាយអស់រយៈពេល ៣០ ឆ្នាំ។ ឧស្សាហកម្ម កាត់ដេរ និងចំនួនពលករនៅក្នុងវិស័យនេះ មានការកើនឡើងយ៉ាងឆាប់រហ័ស ចាប់ពីកម្មករនិយោជិតចំនួន ២០.០០០ នាក់ នៅឆ្នាំ ១៩៩៥ រហូតដល់ប្រមាណ ៣៣០.០០០ នាក់ នៅឆ្នាំ ២០០៨។ ស្របពេលទំនុកចិត្តរបស់ប្រជាជនក្នុងប្រទេស និងក្រៅប្រទេសមានការកើនឡើង វិស័យសេដ្ឋកិច្ចដទៃទៀតដូចជាវិស័យទេសចរណ៍ និងសំណង់ ក៏បានចាប់ផ្តើមរីកចំរើនផង ដែរ។
អសន្តិសុខក្នុងវិស័យឧស្សាហកម្ម
ការអភិវឌ្ឍន៍ជាវិជ្ជមានទាំងនេះ ក៏បាននាំមកជាមួយនូវបញ្ហាថ្មីៗគួរឱ្យកត់សំគាល់ផងដែរ ដូចជាការកើនឡើងនូវចំនួនកូដកម្ម និង វិវាទក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ។ ទីបញ្ចប់ ប្រទេសកម្ពុជាត្រូវការប្រព័ន្ធដោះស្រាយវិវាទដ៏គួរឱ្យទុកចិត្ត និងមានប្រសិទ្ធិភាព មួយដែលទទួលបានការទុកចិត្តពីភាគីទាំងអស់។ បើគ្មានប្រពន្ធ័ដោះស្រាយវិវាទនេះទេ វិវាទការងារប្រហែលជាអាចនឹងបន្តរីក រាលដាលកាន់តែខ្លាំងឡើង ហើយវឌ្ឍនភាពសង្គមក៏មិនអាចស្ថិតស្ថេរបានដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងច្បាប់ស្តីពីការងារ
នៅខែមករា ឆ្នាំ១៩៩៩ កម្ពុជា និងសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយួ។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានសន្យាថា កម្ពុជាអាចនាំទំនិញកាន់តែច្រើនចូលទៅក្នុងទីផ្សារអាមេរិក ប៉ុន្តែកម្ពុជាត្រូវធ្វើយ៉ាងណាធ្វើឱ្យ ល័ក្ខខ័ណ្ឌការងារនៅក្នុងវិស័យកាត់ដេរកាន់តែមានភាពប្រសើរឡើង។ ក្នុងបរិបទបែបនេះហើយទើបអង្គការពលកម្មអន្តរជាតិ បានចាប់ផ្តើមគម្រោងដោះស្រាយវិវាទការងារ ហើយក្នុងនោះ គោលដៅមួយរបស់គម្រោងនេះ គឺដើម្បីធានាឱ្យមាននូវ ប្រព័ន្ធកាត់សេចក្តីវិវាទការងារតាមរយៈអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធិភាពមួយ។ គម្រោងរបស់អង្គការពលកម្មអន្តរជាតិ បានជួយសម្រួលដល់បណ្តាភាគីដែលពាក់ព័ន្ធក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ពោលគឺ រាជរដ្ឋាភិបាលកម្ពុជា 9តាមរយៈក្រសួង ការងារប សមាគមនិយោជក និងសហជីព ក្នុងការបង្កើតឡើងនូវស្ថាប័នអាជ្ញាកណ្តាលថ្មីមួយ ដែលជាស្ថាប័នដែលមានចែងនៅក្នុង ច្បាប់ស្តីពីការងារ ឆ្នាំ ១៩៩៧ ប៉ុន្តែនៅមិនទាន់បានប្រតិបត្តិការឡើយនាពេលនោះ។
ការបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល
ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចាប់បើកទ្វារនៅខែ ឧសភា ឆ្នាំ ២០០៣ ហើយស្ថាប័ននេះមានអំណាចយ៉ាងទូលំទូលាយ ដែល ចែងនៅក្នុងច្បាប់ស្តីពីការងារ និងប្រកាសដែលពាក់ពន្ធ័ (ប្រកាសរបស់ក្រសួងការងារ) ក្នុងការដោះស្រាយវិវាទការងារ នៅកម្ពុជា។
នៅក្នុងពិធីសម្ភោធបើកក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងឆ្នាំ ២០០៣ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេស កម្ពុជា ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៤ បានមានប្រសាសន៍ថាៈ
“ក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺជាស្ថាប័នអាជ្ញាកណ្តាលទំនើបតំបូងគេបំផុតនៅក្នុងប្រទេស ដែលនឹងបើកទំព័រសករាជថ្មី នៅក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។ ព្រមជាមួយនឹងការបើកសម្ភោធក្រុមប្រឹក្សាអាជ្ញាកណ្តាល យើងទាំងអស់គ្នា បានឃើញលើកតំបូងនូវក្របខ័ណ្ឌដោះស្រាយវិវាទថ្មីមួយ ដែលនឹងជួយសម្រួលដល់កម្មករនិយោជិត និងនិយោជក ក្នុងការកសាងនូវទំនាក់ទំនងយ៉ាងសុខដុមនៅក្នុងកន្លែងធ្វើការងារ តាមរយៈសេចក្តីសម្រេចទៅលើវិវាទ ការងារ ប្រកបដោយប្រសិទ្ធិភាព ឯករាជភាព និងមានជំនាញត្រឹមត្រូវ។”
សព្វថ្ងៃនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានដំណើរការទៅតាមការរំពឹងទុក និងការសន្យា ហើយបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយវិវាទការងារនៅប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធិភាព។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលការគាំទ្រផ្នែក រដ្ឋបាលពីសំណាក់លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ពី មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។
|