
លោក វ៉ា ម៉ូនីកា
លោក វ៉ា ម៉ូនីកា គឺជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយលោកធ្លាប់មានតួនាទីជាប្រធានផ្នែកច្បាប់នៃក្រុមហ៊ុន ខេមប្រ៊ូវ ដែលនៅទីនោះលោកទទួលខុសត្រូវផ្តល់នូវការគាំទ្រដល់គ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន ក្នុងការអនុវត្តការងារប្រកបដោយអនុលោមភាពពេញលេញ ដែលច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗតម្រូវ ការគ្រប់គ្រង និងដោះស្រាយរឿងក្តីនៅតុលការ ការធ្វើកំណត់បង្ហាញផ្នែកច្បាប់ ការធ្វើជាតំណាងអោយក្រុមហ៊ុនក្នុងការបំពេញការងារជាមួយនឹងមន្ត្រីរដ្ឋាភិបាល ការបំពេញការងារប្រកបដោយវិជ្ជាជីវៈក្នុងកិច្ចការស្រាវជ្រាវផ្នែកច្បាប់ ដើម្បីធានាដល់ដំណើរការអាជីវកម្ម និងការសម្រេចចិត្តផ្នែកអាជីវកម្មដោយមិនមានហានិភ័យកើតឡើយ ។ លោកក៏ធ្លាប់កាន់តួនាទីប្រធានប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល ដែលនៅទីនោះ លោក វ៉ា ម៉ូនីកា ទទួលខុសត្រូវដឹកនាំស្ថាប័នទាំងមូល ដែលរួមមាន ផ្នែកអភិវឌ្ឍន៍អាជីវកម្ម ផ្នែហិរញ្ញវត្ថុ និងធនធានមនុស្ស ក៍ដូចជាផ្នែកបច្ចេកទេស ។ ជាងនេះទៅទៀត លោកធ្លាប់ត្រូវបានបោះឆ្នោតអោយធ្វើជាអនុប្រធានសមាគមនិស្សិត កម្ពុជា អូស្រ្តាលី (CANS) នៅក្នុងឆ្នាំ ២០១៥។ នៅក្នុងឆ្នាំ ២០១០ លោកមានតួនាទីមន្ត្រីផ្នែកតស៊ូមតិ នៃអង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយលោកទទួលខុសត្រូវលើការងារធ្វើផែនការ ការរៀបចំផែនការថវិកា ការត្រួតពិនិត្យ វាយតម្លៃ និងធ្វើរបាយការណ៍គម្រោងស្តីពីអំពីការលើកកំពស់សិទ្ធិកុមារទំនាស់នឹងច្បាប់ ។
លោក វ៉ា ម៉ូនីកា ទទួលបានសញ្ញប័ត្រអនុបណ្ឌិតច្បាប់ចំនួន ០២ គឺអនុបណ្ឌិតច្បាប់ផ្នែកនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ បន្ទាប់មកលោកទទួលបានអាហារូបករណ៍ពីកម្មវិធីអារូបករណ៍នៃប្រទេសអូស្ត្រាលី ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់នៅសាលាច្បាប់ដ៏ល្បីប្រចាំទេសអូស្ត្រាលី គឺសាកលវិទ្យាល័យ Melbourne ។