ដោយសារតែភាគីវិវាទមិនតម្រូវឲ្យមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងក្រុមអាជ្ញាកណ្តាល លើកលែងតែក្នុងពេលសវនាការ រាល់ការទំនាក់ទំនងទាំងអស់ និងសំណួរទាក់ទងនឹងសំណុំរឿងវិវាទការងារគួរតែត្រូវទាក់ទងដោយផ្ទាល់ទៅកាន់លេខាធិការដ្ឋាន។
មុខងារចំបងរបស់លេខាធិការដ្ឋានមានដូចជា ទទួល និងដាក់ឲដំណើរការសំណុំរឿងដែលត្រូវបានផ្តល់ដោយក្រសួងការងារ, សម្របសម្រួលការជ្រើសរើសអាជ្ញាកណ្តាលដែលធ្វើឡើងដោយភាគី, ដើរតួជាអន្តរការីផ្នែករដ្ឋបាលសម្រាប់ការទំនាក់ទំនងរវាងក្រុមអាជ្ញាកណ្តាល និងភាគី, ប្រមូល និងបញ្ជូនឯកសារ និងការទំនាក់ទំនងផ្សេងៗដែលពាក់ព័ន្ធនឹងនីតិវិធីអាជ្ញាកណ្តាល និងការបញ្ជូនសេចក្តីបង្គាប់អាជ្ញាកណ្តាល។
តម្រូវការមុនពេលសវនការ
មុនពេលសវនាការអាជ្ញាកណ្តាលផ្លូវការនៃការដោះស្រាយវិវាទចាប់ផ្តើម លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលតម្រូវឲ្យភាគីត្រូវបំពេញបែបបទមួយចំនួន ដូចជា៖
ការតែងតាំងក្រុមអាជ្ញាកណ្តាល
ភាគីនីមួយៗត្រូវជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីឈ្មោះអាជ្ញាកណ្តាលតាមរយៈការបំពេញទម្រង់បែបបទជ្រើសរើស អាជ្ញាកណ្តាល។
- ភាគីកម្មករនិយោជិតជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីកម្មករនិយោជិត។
- ភាគីនិយោជកជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីនិយោជក។
- អាជ្ញាកណ្តាលទាំងពីររូបដែលត្រូវបានជ្រើសរើសដោយភាគីទាំងពីរ នឹងជ្រើសរើសអាជ្ញាកណ្តាលទីបី ពីបញ្ជី ក្រសួង។
លេខាធិការដ្ឋាននឹងធ្វើការកំណត់កាលបរិច្ឆេទសវនាការ និងជូនដំណឹងដល់ភាគីអំពីកាលបរិច្ឆេទនេះ។
ការដាក់ជូននូវភស្តុតាង
មុនពេលសវនាការ ភាគីទាំងពីរត្រូវបានឡើកទឹកចិត្តឲ្យដាក់នូវភស្តុតាងនានា ដែលទាក់ទងនឹងវិវាទរបស់ពួកគេ ដើម្បីជាជំនួយដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគាំទ្រអំណះអំណាងរបស់ភាគីដែលទាក់ទងនឹងវិវាទរបស់ពួកគេ។
ទម្រង់បែបបទ
លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចតម្រូវឲ្យភាគីបំពេញទម្រង់បែបបទរបស់ខ្លួន ដោយអាស្រ័យលើប្រភេទនៃវិវាទរបស់ពួកគេ។ ភាគីវិវាទត្រូវវានលើកទឹកចិត្តដើម្បីឲ្យយល់ពីការបំពេញបែបបទ និងខ្លឹមសារដែលតម្រូវឲ្យ។