មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាអង្គការជាតិមិនមែនរដ្ឋាភិបាលមួយបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃតាំងពីឆ្នាំ២០០៤មក។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលអាណត្តិផ្តល់ការគាំទ្រផ្នែកបច្ចេកទេស, ច្បាប់, ហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ មូលនិធិស្ថិតក្រោមអភិបាលកិច្ចរបស់ក្រុមប្រឹក្សាភិបាលដែលជ្រើសរើសតាមរយៈការបោះឆ្នោតពីសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ពីដំបូង, អង្គការអន្តរជាតិខាងការងារ(ILO)បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ដើម្បីធានាឲ្យមាននូវនិរន្តភាពស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្ដាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ និងនៅឆ្នាំ២០០៦ មូលនិធិបានបំពេញភារកិច្ចទាំងស្រុងក្នុងការគាំទ្រផ្នែកបច្ចេកទេស និងភារកិច្ចផ្សេងៗទៀតក្នុងការគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
បុគ្គលិករបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល មិនអាចផ្តល់ដំបូន្មានផ្នែកច្បាប់ ឬយោបល់ទាក់ទងនឹងសំណុំរឿងអង្គសេចក្តី បកស្រាយសេចក្តីបង្គាប់អាជ្ញាកណ្តាល បញ្ចេញយោបល់លើសេចក្តីសម្រេចរបស់អាជ្ញាកណ្តាល ណែនាំការិយាល័យច្បាប់ សហជីព ឬបុគ្គលណាម្នាក់ដើម្បីតំណាង ឬធ្វើការស្រាវជ្រាវឱ្យអ្នកឡើយ។
ទស្សនៈវិស័យ៖
ទំនាក់ទំនងវិជ្ជាជីវៈដ៏ល្អប្រសើរ និងប្រព័ន្ធដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធភាព។
បេសកកម្ម៖
គោលបំណងសំខាន់របស់មូលនិធិមានដូចតទៅនេះ៖
ក. គាំទ្រ និងសម្របសម្រួលការងារ និងសកម្មភាពការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល
ខ. ពង្រឹងឯករាជ្យភាព ភាពជឿទុកចិត្ត និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង
គ. លើកទឹកចិត្តរូបវន្តបុគ្គល និងស្ថាប័ននានាឲ្យចូលរួមក្នុងការដោះស្រាយវិវាទការងារ។
ក្រុមប្រឹក្សាភិបាល និងបុគ្គលិករបស់មូលនិធិនេះ គ្មានសិទ្ធិក្នុងការជ្រៀតជ្រែក ឬជះឥទ្ធិពលលើសេចក្ដីសម្រេច និងលទ្ធផលនៃសំណុំរឿងដែលបញ្ជូនមកក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយ។
គុណតម្លៃ៖
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល មានគុណតម្លៃដូចគ្នានឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល រួមមាន៖
ឯករាជ្យភាព៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដំណើរការដោយឯករាជ្យ មិនមានការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅឡើយ។
តម្លាភាព៖ ហេតុផលនៃសេចក្តីសម្រេច និងមូលដ្ឋាននៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានពន្យល់យ៉ាងច្បាស់លាស់នៅក្នុងសេចក្តីបង្គាប់ដែលមានទាំងការបោះពុម្ពផ្សាយ និងនៅលើគេហទំព័រ។
ភាពប្រាកដប្រជា៖ អាជ្ញាកណ្តាលគោរពតាមគោលការណ៍ណែនាំដើម្បីរក្សាសង្គតិភាពក្នុងការធ្វើសេចក្តីសម្រេចផ្លូវច្បាប់។
ភាពរហ័សរហួន៖ សំណុំរឿងនីមួយៗនឹងត្រូវបើកសវនាការ ហើយសេចក្តីសម្រេចនឹងត្រូវបានចេញត្រឹមរយៈពេល ១៥ ថ្ងៃ ធ្វើការ។
សុចរិតភាព៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានអនុម័តគោលការណ៍ណែនាំផ្នែកវិជ្ជាជីវៈដើម្បីកំណត់បទដ្ឋានរបស់ខ្លួន។
សមធម៌៖ ភាគីជ្រើសរើសអាជ្ញាកណ្តាលឲ្យចូលរួមក្នុងដំណើរការដោយខ្លួនឯងដើម្បីផ្តល់លទ្ធភាពឲ្យពួកគាត់បានបញ្ចេញមតិដែលជួយដល់ការងារ និងជីវភាពរស់នៅរបស់គាត់។
ការចូលរួមរបស់ភាគីពាក់ព័ន្ធ៖ វេទិកានានាត្រូវបានរៀបចំឡើងជាប្រចាំសម្រាប់តំណាងកម្មករនិយោជិត និងនិយោជក រដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀតពិភាក្សាអំពីបញ្ហានានាជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល។