កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ត្រូវបានផ្តល់ជូនដល់រោងចក្រសហគ្រាសនានា ក្នុងគោលបំណងជួយដល់កម្មករនិយោជិត និងនិយោជក ក្នុងការដោះស្រាយបញ្ហាការងារ និងបញ្ហាផ្សេងៗដែលកំពុងកើតមាន មុនពេលបញ្ហាទាំងនោះក្លាយជាវិវាទ ឬ ជម្លោះ។ កម្មវិធីនេះមានគោលបំណងបំពាក់បំប៉ន និងពង្រឹងសិទ្ធិអំណាចរបស់កម្មករនិយោជិត និងតំណាងនិយោជក ដើម្បីឱ្យមានចំណេះដឹង និងមានភាពបុរេសកម្ម ក្នុងការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ កម្មវិធីនេះក៏បានផ្តល់ឱកាសដ៏ល្អសម្រាប់ភាគីទាំងអស់ ក្នុងការជួបគ្នាដោយផ្ទាល់ និងចូលរួមវគ្គបណ្តុះបណ្តាលជាមួយគ្នា ដើម្បីបានស្វែងយល់ពីទស្សនៈរបស់គ្នាទៅវិញទៅមក និងធ្វើការជាមួយគ្នាឆ្ពោះទៅរកការដោះស្រាយជម្លោះ ឬបញ្ហានានាប្រកបដោយឥរិយាបថស្ថាបនា។

នរណាខ្លះគួរចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាល?

ដើម្បីជាប្រយោជន៍សម្រាប់រោងចក្រសហគ្រាស អ្នកចូលរួមចន្លោះពី​ ១៥នាក់ ទៅ ២០នាក់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល រួមមានដូចជា៖

  • អ្នកគ្រប់គ្រង/តំណាងនិយោជក៖ អ្នកគ្រប់គ្រងធនធានមនុស្ស បុគ្គលិករដ្ឋបាល មន្រ្ដីអនុលោមច្បាប់ អ្នកគ្រប់គ្រងសង្វាក់ផលិតកម្ម ប្រធានផ្នែកមកពីផ្នែកផ្សេងៗ។ល។
  • តំណាងកម្មករនិយោជិត៖ ប្រតិភូបុគ្គលិក ថ្នាក់ដឹកនាំសហជីព។
  • តំណាងកម្មករមកពីគ្រប់ផ្នែក។ល។

 គ្រូបណ្តុះបណ្តាល​

  • សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល
  • មន្រ្ដីបណ្ដុះបណ្ដាលជំនាញទំនាក់ទំនងវិជ្ជាជីវៈ និង
  • មន្ដ្រីគាំទ្រផ្នែកសេវាច្បាប់ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

អត្ថប្រយោជន៍សម្រាប់រោងចក្រ/សហគ្រាសកម្មករនិយោជិត និងក្រុមអ្នកគ្រប់គ្រង មានសមត្ថភាពក្នុងការដោះស្រាយនូវរាល់បញ្ហាការងារ មុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ តាមរយៈការផ្ដួចផ្ដើមឱ្យមានយន្ដការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ និងការអនុវត្ដវិធីសាស្រ្ដគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ ដែលនឹងរួមចំណែកកសាងសហគមន៍ការងារមួយដែលសុខសាន្ដ ជាមួយនឹងផលិតភាពខ្ពស់។

ប្រធានបទសម្រាប់កម្មវិធីបណ្ដុះបណ្ដាល៖

ម៉ូឌុល១៖ ការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ

  • អ្នកណាខ្លះជាតួអង្គសំខាន់ៗក្នុងការកសាងទំនាក់ទំនងការងារ?
  • តើ​ទំនាក់ទំនងការងារឱ្យកាន់តែល្អ និងរឹងមាំ មានធាតុផ្សំគន្លឹះអ្វីខ្លះ?
  • តើកម្មករនិយោជិត និងនិយោជកមាន​ការទទួលខុសត្រូវអ្វីខ្លះ ក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ?

ម៉ូឌុល២៖ យន្ដការកិច្ចសហការនៅកន្លែងធ្វើការ

  • តើអ្វីទៅជាយន្ដការកិច្ចសហការនៅកន្លែងធ្វើការ?
  • តើនីតិវិធីដោះស្រាយបណ្ដឹងតវ៉ាមិនសុខចិត្ដនៅកន្លែងធ្វើការមានដំណាក់កាលអ្វីខ្លះ?
  • តើនីតិវិធីដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជាមានអ្វីខ្លះ?

ម៉ូឌុល៤៖ ការគ្រប់គ្រង និងដោះសា្រយទំនាស់នៅកន្លែងធ្វើការ

  • តើអ្វីទៅជាទំនាស់?
  • តើការប្រើប្រាស់វិធីសាស្រ្ដវដ្ដនៃការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការមានប៉ុន្មានដំណាក់កាល? អ្វីខ្លះ?
  • តើការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ មានសារៈប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់រោងចក្រសហគ្រាស?