
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្ត សហការជាមួយរោងចក្រ រ៉ុងវីន ហ្គាម៉ិន ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និងសហជីព សរុបចំនួន២០នាក់ (ស្រី១៨នាក់)។
សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់ វដ្តនៃការគ្រប់គ្រង និងដោះស្រាយទំនាស់ និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក និងសហជីព បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល ចំនួន៤ម៉ូឌុល ក្នុងកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ។