មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចូលរួមជាមួយកម្មករ និយោជិត និងនិយោជកប្រារព្ធទិវាពលកម្មអន្តរជាតិ

Share with :
អ្វីដែលធ្វើឱ្យឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិកាន់តែពិសេសនោះ គឺការសាទរចំពោះសមិទ្ធផលសម្រេច​បាន​របស់​កម្មករនិយោជិត។​ នៅក្នុងឱកាសដ៏វិសេសនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមចូលរួមជាមួយកម្មករ និយោជិត និងនិយោជករបស់ពួកគេពីគ្រប់វិស័យក្នុងប្រទេសកម្ពុជា ទទួលស្គាល់ និងកោតសរសើរចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែងដ៏ធំធេងរបស់ពួកគេដែលបានចូលរួមធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន និងបន្តចូលរួមដោះស្រាយវិវាទ និងបញ្ហាទាំងឡាយតាមរយៈមធ្យោបាយសន្តិវិធី។
ក្នុងរយៈពេល១៩ឆ្នាំ កន្លងមកនេះ បើទោះបីជាកម្មករនិយោជិត មានសិទ្ធិក្នុងការធ្វើកូដកម្ម សិទ្ធិក្នុងការបង្កើតនិងចូលជាសមាជិកសហជីព សេរីភាពសមាគម ព្រមទាំងទទួលបានវេទិកាដោះស្រាយវិវាទដោយសន្តិវិធីដែលត្រូវបានគេស្គាល់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ទាំងអស់គ្នានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្ត ដើម្បីការពារសិទ្ធិ និងបន្តលើកស្ទួយសេរីភាពសមាគម។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយ​មានការគាំទ្រយ៉ាងពេញលេញនិងមានតម្លៃពីសំណាក់ដៃគូសំខាន់របស់ខ្លួន គឺស្ថានទូតស៊ុយអែត ការិយាល័យប្រចាំទីក្រុងភ្នំពេញ បន្តប្តេជ្ញាក្នុងការផ្តល់ការការពារ និងធ្វើឱ្យប្រសើរឡើង​នូវយន្តការដោះស្រាយវិវាទដោយសន្តិវិធី​សម្រាប់កម្មករនិយោជិត និងនិយោជករបស់ពួកគេ។