វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើកដំបូងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដល់តំណាងកម្មករ និងនិយោជកមកពីរោងចក្រចំនួន៦

Share with :

ដើម្បីពង្រឹងសមត្ថភាព ដល់​ភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ពី​វិធីសាស្ត្រ​ក្នុង​ការ​បង្ការ​ និង​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្តិវិធី​ និង​រក្សា​បាន​នូវ​សុខដុមនីយកម្ម​នៃ​ទំនាក់​ទំនង​ក្នុង​វិស័យ​ការងារនៅ​កម្ពុជា  មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបើក​វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ពិសេសលើកដំបូង ស្ដីពី «នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងជំនាញរៀបចំសំណុំរឿង» នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។ ជនបង្គោល​ចំនួន​២៨នាក់​ (ស្ត្រី១០រូប និងបុរស១៨រូប)​ ជាតំណាង​កម្មករ​និយោជិត​ និងនិយោជក​ មកពី​រោងចក្រ​ចំនួន៦​ តំណាង​សមាគម​និយោជក​ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​តំណាង​ពី​សហព័ន្ធ​សហជីព​ចំនួន​៦​ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។​

(រូបថតឯកសារ៖ សកម្មភាពធ្វើបទបង្ហាញវគ្គចែករំលែកចំណេះដឹងបន្ត ដោយសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។)

ក្រោយ​ពី​ទទួល​បាន​​នូវការបណ្ដុះបណ្ដាលគ្រូបង្គោលពិសេសនេះ​ សិក្ខាកាម​នឹង​មាន​សមត្ថភាព​អា​ច​រៀបចំ​វគ្គចែករំលែក​ចំណេះដឹង​បន្ត​ ពី​ដំណើរការ​ដោះស្រាយ​វិវាទការងារ​ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ទៅ​ដល់​កម្មករ​និយោជិត​ដទៃទៀត​នៅ​តាម​រោងចក្រ​របស់​ខ្លួន ​ដោយ​មាន​ការ​សហការ​គាំទ្រ​បច្ចេកទេស​ពី​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។

ជាក់ស្ដែង​នៅថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ២០១៨​នេះ​ ក្រុម​គ្រូ​បង្គោល​ ក្រោម​ជំនួយបច្ចេក​ទេស​ពីមូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​​បាន​រៀប​ចំ​​វគ្គចែក​រំលែកចំណេះដឹង​​ស្ដីពី​ ដំណើរការ​ដោះស្រាយ​វិវាទការងារ​ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ នៅ​រោងចក្រ​វ៉ាយអូលែត​ អឺភែរឹល​ (ខេមបូឌា)​ កូអិលធីឌី ​ដោយ​មាន​ការ​ចូលរួម​ពីកម្មករ​ កម្មការិនី​ចំនួន​ ៦០នាក់៕

(រូបថត៖ សកម្មភាពវគ្គចែករំលែកចំណេះដឹងនៅរោងចក្រ វ៉ាយអូលែត។)