
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់ អ្នកគ្រប់គ្រងធនធានមនុស្ស មន្ត្រីអនុលោមច្បាប់ ថ្នាក់ដឹកនាំសហជីព និងបុគ្គលិកមកពីក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២៦ នាក់ (ស្ត្រី ១០នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោក អន ណន សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល អ្នកស្រី គង់ សុវាចា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអ្នកស្រី ស៊ុំ ដានី មន្ត្រីផ្នែកសេវាច្បាប់នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។