វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

Share with :
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់មេធាវី អ្នកគ្រប់គ្រងធនធានមនុស្ស មន្ត្រីអនុលោមច្បាប់ ថ្នាក់ដឹកនាំសហជីព និងបុគ្គលិកមកពីក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២៧ នាក់ (ស្ត្រី ១៣នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក យ៉ន សុផាណា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអ្នកស្រី ហ៊ុយ សម្បត្តិ មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។