កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ត្រូវបានផ្តល់ជូនដល់រោងចក្រសហគ្រាសនានា ក្នុងគោលបំណងជួយដល់កម្មករនិយោជិត និងនិយោជក ក្នុងការដោះស្រាយបញ្ហាការងារ និងបញ្ហាផ្សេងៗដែលកំពុងកើតមាន មុនពេលបញ្ហាទាំងនោះក្លាយជាវិវាទ ឬ ជម្លោះ។ កម្មវិធីនេះមានគោលបំណងបំពាក់បំប៉ន និងពង្រឹងសិទ្ធិអំណាចរបស់កម្មករនិយោជិត និងតំណាងនិយោជក ដើម្បីឱ្យមានចំណេះដឹង និងមានភាពបុរេសកម្ម ក្នុងការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ កម្មវិធីនេះក៏បានផ្តល់ឱកាសដ៏ល្អសម្រាប់ភាគីទាំងអស់ ក្នុងការជួបគ្នាដោយផ្ទាល់ និងចូលរួមវគ្គបណ្តុះបណ្តាលជាមួយគ្នា ដើម្បីបានស្វែងយល់ពីទស្សនៈរបស់គ្នាទៅវិញទៅមក និងធ្វើការជាមួយគ្នាឆ្ពោះទៅរកការដោះស្រាយជម្លោះ ឬបញ្ហានានាប្រកបដោយឥរិយាបថស្ថាបនា។
នរណាខ្លះគួរចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាល?
ដើម្បីជាប្រយោជន៍សម្រាប់រោងចក្រសហគ្រាស អ្នកចូលរួមចន្លោះពី ១៥នាក់ ទៅ ២០នាក់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល រួមមានដូចជា៖
- អ្នកគ្រប់គ្រង/តំណាងនិយោជក៖ អ្នកគ្រប់គ្រងធនធានមនុស្ស បុគ្គលិករដ្ឋបាល មន្រ្ដីអនុលោមច្បាប់ អ្នកគ្រប់គ្រងសង្វាក់ផលិតកម្ម ប្រធានផ្នែកមកពីផ្នែកផ្សេងៗ។ល។
- តំណាងកម្មករនិយោជិត៖ ប្រតិភូបុគ្គលិក ថ្នាក់ដឹកនាំសហជីព។
- តំណាងកម្មករមកពីគ្រប់ផ្នែក។ល។
គ្រូបណ្តុះបណ្តាល
- សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល
- មន្រ្ដីបណ្ដុះបណ្ដាលជំនាញទំនាក់ទំនងវិជ្ជាជីវៈ និង
- មន្ដ្រីគាំទ្រផ្នែកសេវាច្បាប់ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
អត្ថប្រយោជន៍សម្រាប់រោងចក្រ/សហគ្រាសកម្មករនិយោជិត និងក្រុមអ្នកគ្រប់គ្រង មានសមត្ថភាពក្នុងការដោះស្រាយនូវរាល់បញ្ហាការងារ មុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ តាមរយៈការផ្ដួចផ្ដើមឱ្យមានយន្ដការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ និងការអនុវត្ដវិធីសាស្រ្ដគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ ដែលនឹងរួមចំណែកកសាងសហគមន៍ការងារមួយដែលសុខសាន្ដ ជាមួយនឹងផលិតភាពខ្ពស់។
ប្រធានបទសម្រាប់កម្មវិធីបណ្ដុះបណ្ដាល៖
ម៉ូឌុល១៖ ការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ
- អ្នកណាខ្លះជាតួអង្គសំខាន់ៗក្នុងការកសាងទំនាក់ទំនងការងារ?
- តើទំនាក់ទំនងការងារឱ្យកាន់តែល្អ និងរឹងមាំ មានធាតុផ្សំគន្លឹះអ្វីខ្លះ?
- តើកម្មករនិយោជិត និងនិយោជកមានការទទួលខុសត្រូវអ្វីខ្លះ ក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ?
ម៉ូឌុល២៖ យន្ដការកិច្ចសហការនៅកន្លែងធ្វើការ
- តើអ្វីទៅជាយន្ដការកិច្ចសហការនៅកន្លែងធ្វើការ?
- តើនីតិវិធីដោះស្រាយបណ្ដឹងតវ៉ាមិនសុខចិត្ដនៅកន្លែងធ្វើការមានដំណាក់កាលអ្វីខ្លះ?
- តើនីតិវិធីដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជាមានអ្វីខ្លះ?
ម៉ូឌុល៤៖ ការគ្រប់គ្រង និងដោះសា្រយទំនាស់នៅកន្លែងធ្វើការ
- តើអ្វីទៅជាទំនាស់?
- តើការប្រើប្រាស់វិធីសាស្រ្ដវដ្ដនៃការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការមានប៉ុន្មានដំណាក់កាល? អ្វីខ្លះ?
- តើការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ មានសារៈប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់រោងចក្រសហគ្រាស?