សិស្សចៅក្រមជំនាន់ទី១០បានចូលរួមវគ្គសិក្ខាសាលាអំពីនីតិវិធីដោះស្រាយវិវាទការងារ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

Share with :

ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) បានសហការ​ជាមួយ​ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រៀបចំសិក្ខាសាលាតាមអនឡាញស្តីពី នីតិវិធីដោះស្រាយវិវាទការងារ​ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ដែលមានអ្នកចូលរួមចំនួន៥២នាក់ ក្នុងនោះស្រី៩ នាក់ ដែលជាសិស្សចៅក្រមជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន។ សិក្ខាសាលានេះ​ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់សិស្សចៅក្រមអំពីនីតិវិធីដោះស្រាយវិវាទការងារ និងដំណើរការដោះស្រាយវិវាទការងាររួមដោយ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ។

សិក្ខាសាលានេះ មានការអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកពី លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ឯកឧត្តម អ៊ិន បុប្ផា នាយកសាលាភូមិន្ទក្រឡាបញ្ជី ។

នៅក្នុងសុន្ទរកថា​ស្វាគមន៍ លោក ម៉ែន និម្មិត បានលើកបញ្ជាក់ពីសារៈសំខាន់ ដែលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រៀបចំវគ្គសិក្ខា​សាលា​នេះ​ឡើង គឺដើម្បីសិក្សាស្វែងយល់ពីនីតិវិធី និងដំណើរដោះស្រាយវិវាទការងាររួម និងទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ជាពិសេសពាក់ព័ន្ធទៅនឹងដំណើរការដោះស្រាយវិវាទការងារ និងការចេញសេចក្តីបង្គាប់ និងអំណាចរបស់តុលាការចំពោះ​សេចក្តីសម្រេច ឬសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ជាមួយគ្នានេះដែរ នៅក្នុងសុន្ទរកថា​ បើក សិក្ខាសាលា ឯកឧត្តម អ៊ិន បុប្ផា នាយកសាលាភូមិន្ទក្រឡាបញ្ជី បានចាប់ផ្តើមដោយផ្តោតលើពាក្យគន្លឹះសំខាន់ពីរសម្រាប់វគ្គសិក្ខាសាលា គឺ សម្មាទិដ្ឋិ ​(ការយល់ឃើញត្រូវ) និង សម្មាសង្កប្ប (ការពិចារណាត្រូវ)។ ឯកឧត្តមបានលើកឡើង ជាសំណួរថា បើយើងមានតុលាការសម្រាប់ជំនុំជម្រះក្តីរួចទៅហើយ តើហេតុអ្វីចាំបាច់មាននីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ? ត្រង់ចំណុចនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺវាមានលក្ខណៈសន្តិភាពជាងការដោះស្រាយដោយ​ប្រព័ន្ធតុលាការ សម្រាប់ករណី​វិវាទការងារ ឬវិវាទរដ្ឋប្បវេណី។ មូលហេតុនេះហើយ ទើបតម្រូវឱ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ”។​

សិក្ខាសាលារយៈពេលមួយព្រឹកនេះ ត្រូវបានសម្របសម្រួល និងឧទ្ទេសដោយ លោក គង់ ផល្លៈ អាជ្ញាកណ្តាល​​​នៃក្រុមប្រឹក្សាអាជ្ញា​កណ្តាល ដែលបានផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា ១) ដំណើរការដោះស្រាយ​វិវាទ​ការងារ​ក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ ៤). ដំណើរការ និងលក្ខណៈ​​​សម្បត្តិរបស់​ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ៥)​ ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ។ ក្រៅពី​ការ​ធ្វើបទបង្ហាញផ្នែកទ្រឹស្តីនិងច្បាប់ លោកអាជ្ញាកណ្តាល គង់ ផល្លៈ ក៏បានចែករំលែបទពិសោធន៍របស់​លោក​ជាក់ស្តែងក្នុងនាមជាអាជ្ញាកណ្តាលដែលបានចូលរួមដោះស្រាយវិវាទការងាររួមអស់រយៈពេល​ប្រមាណ​ជិត២០ ឆ្នាំ​ចុងក្រោយនេះ។ លើសពីនេះ សិក្ខាកាមដែលជាសិស្សចៅក្រម ក៏បានលើកឡើងនូវសំណួរជាច្រើនជុំវិញនីតិវិធីនៃការដោះស្រាយវិវាទការងាររួម ការធ្វើសេចក្តីសម្រេចចិត្ត​របស់អាជ្ញាកណ្តាល និងនីតិវិធីក្នុងការ​អនុវត្ត​សេចក្តី​បង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

សូមបញ្ជាក់ថា កន្លងមកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ធ្លាប់បានសហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលដល់សិស្សចៅក្រម និងសិស្សក្រឡាបញ្ជីជំនាន់ផ្សេងៗគ្នាចំនួន៤វគ្គ រួចមកហើយ។ លើសពីនេះទៅទៀត មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តស្នើសុំកិច្ចសហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្នុងផ្តល់វគ្គបណ្តុះបណ្តាលទៅដល់សិស្សចៅក្រម និងសិស្សក្រឡាបញ្ជីនៅជំនាន់ក្រោយៗទៀត។