និស្សិតច្បាប់សាកលវិទ្យាល័យមេគង្គកម្ពុជាទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

Share with :
កាលពីថ្ងៃទី១៤ ខែកញ្ញា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា រៀបចំសិក្ខាសាលាតាមអនឡាញស្តីពី “នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ” ដែលមានអ្នកចូលរួមចំនួន ៦២នាក់ ជានិស្សិតផ្នែកនីតិសាស្ត្រមកពី សាកលវិទ្យាល័យមេគង្គកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់និស្សិតច្បាប់អំពី នីតិវិធីនិងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដែលជាចំណេះដឹងមួយដ៏មានសារៈសំខាន់សម្រាប់អ្នកសិក្សានិងប្រកបវិជ្ជាជីវៈច្បាប់។
សិក្ខាសាលានេះ មានការចូលរួមជាអធិបតីភាពក្នុងពិធីបើកដោយ លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលោកសាស្ត្រាចារ្យ កាយ រិទ្ធី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យមេគង្គកម្ពុជា។ សិក្ខាសាលានេះ មានការចូលរួមធ្វើបទឧទ្ទេសដោយ លោកស្រី អាន វីរៈ អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សិក្ខាសាលានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ ៤) ដំណើរការនិងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ៥) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ។
នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកសាកលវិទ្យាធិការរងបានមានប្រសាសន៍ថា សាកលវិទ្យាល័យតែងតែសហការជាមួយនឹងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលរៀបចំសិក្ខាសាលានេះឡើងជូនប្អូនៗជានិស្សិតផ្នែកច្បាប់ជារៀងរាល់ឆ្នាំ។ លោកបានគូសបញ្ជាក់បន្ថែមថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់មិនត្រឹមតែសម្រាប់ប្អូនៗជានិសិ្សតផ្នែកច្បាប់ដែលនឹងចាប់យកវិជ្ជាជីវៈផ្នែកច្បាប់នៅពេលចញទៅបម្រើការងារប៉ុណ្ណោះទេ ប៉ុន្តែវាមានភាពចាំបាច់សម្រាប់មនុស្សទូទៅពេលដែលយើងចេញទៅបម្រើការងារ វាជាទុនមួយអាចឱ្យយើងដឹងពីរបៀបដែលដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅពេលដែលមានវិវាទការងារណាមួយកើតឡើងនៅកន្លែងការងាររបស់យើង។
ទន្ទឹមនឹងនេះ អ្នកចូលរួមក៏បានចូលរួមពិភាក្សាយ៉ាងសកម្មនៅក្នុងវគ្គសិក្ខាសាលា តាមរយៈការសួរសំណួរបញ្ជាក់បន្ថែមទៅលើខ្លឹមសារនៃប្រធានបទនីមួយៗនៃវគ្គបណ្តុះបណ្តាលដូចជា ការដោះស្រាយចំណុចវិវាទមិនសះជា ការដោះស្រាយវិវាទដោយផ្អែកលើកិច្ចព្រមព្រៀង អនុសញ្ញារួម និងច្បាប់ មូលដ្ឋានក្នុងការពិចារណា និងបដិសេធការពិចារណាទាមទាររបស់ភាគីវិវាទ និងនីតិវិធីប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ក្រុមអាជ្ញាកណ្តាល។ ដើម្បីឱ្យអ្នកចូលរួមងាយយល់ពីខ្លឹមសារនៃមេរៀន គ្រូឧទ្ទេស ក៏បានផ្សាភ្ជាប់ទ្រឹស្តីជាមួយបទពិសោធនៃការអនុវត្តន៍ជាក់ស្តែងនៅក្នុងនីតិវិធីអាជ្ញាកណ្តាលនាពេលកន្លងមកផងដែរ។
ក្រុមការងារមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល មានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមការងារសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងការរៀបចំសិក្ខាសាលានេះប្រកបដោយជោគជ័យ ហើយសង្ឃឹមថាកិច្ចសហការក្នុងការរៀបចំវគ្គសិក្ខាសាលាលើកក្រោយនឹងអាចប្រព្រឹត្តទៅដោយផ្ទាល់ក្រោយពីការរីករាលដាលជំងឺកូវីដ១៩ បានធូរស្រាល។