កម្មករនិយោជិត និងតំណាងនិយោជកមកពីក្រុមហ៊ុនស្ព័រតិចទទួលបានវគ្គ បណ្តុះបណ្តាលស្តីពីយន្តការសហការនៅកន្លែងធ្វើការ

Share with :

នៅ​​ថ្ងៃ​ទី១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ដោយ​ផ្តោតលើប្រធាន​បទ​ “យន្តការសហការនៅកន្លែងធ្វើការ” ប្រកប​ដោយ​ជោគ​ជ័យ។ នេះជាវគ្គ​បណ្តុះ​បណ្តាល​លើកទី២​ ស្ថិត​នៅ​ក្រោម​កម្ម​វិធី​បង្ការ ​និង​ការ​ដោះ​ស្រាយ​វិវាទ​នៅ​កន្លែង​ធ្វើការ​ និង​ត្រូវ​បាន​រៀប​ចំឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ​ រាជធានី​ភ្នំពេញ​ ដែល​មាន​អ្នក​ចូល​រួមមក​ពី​ក្រុម​ហ៊ុន​ស្ព័រ​តិច​ចំនួន​១៥ នាក់ ក្នុង​នោះ​អ្នកចូលរួម​ ១០ ជាស្ត្រី និង ២នាក់ចូលរួមតាមប្រព័ន្ធអនឡាញ ​ រួមមាន​ តំណាង​កម្មករ​និយោជិត​ និង​និយោជក​មក​ពីផ្នែក​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ ផ្នែក​ដោះ​ស្រាយ​វិវាទ​ ផ្នែក​បណ្តុះ​បណ្តាល​ និង សមាជិក​និង​ថ្នាក់​ដឹក​នាំសហជីព​ ព្រម​ទាំង​ប្រតិភូ​បុគ្គលិក។

នៅ​ក្នុង​ប្រធាន​បទ​ “យន្ត​​ការ​សហការ​នៅ​កន្លែង​ធ្វើការ” នេះ មាន​កម្មវត្ថុ​ពិភាក្សា​សំខាន់ៗ​ដូចជា​ កិច្ច​សហការ​នៅ​កន្លែង​ធ្វើការ​​ ទម្រង់នៃកិច្ចសហការគ្នានៅកន្លែងធ្វើការ នីតិវិធីប្តឹងសារទុក្ខនៅកន្លែងធ្វើការ និងយន្ត​ការ​ដោះស្រាយវិវាទ​ការងារ​នៅ​កម្ពុជា។​​

វគ្គ​បណ្តុះ​បណ្តាល​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ផ្ទាល់​ ដែល​បាន​​អនុញ្ញាត​ឱ្យ​​អ្នក​ចូល​រួម​ និង​អ្នក​សម្រប​សម្រួល​​ មាន​ឱកាស​​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅមក​ (អន្តរកម្ម) តាម​រយៈ​កា​ររៀន​សូត្រ​ និងចែក​រំលែក​អំពី​បរិយាស​នៃ​ទំនាក់​ទំនង និង​យន្ត​សហការ​នៅ​កន្លែង​ការងារ​រវាង​​របស់​​កម្មករ​និយោជិត​ និង​និយោជក​នៅ​ក្រុម​ហ៊ុន​ស្ព័រ​តិច​។ ជាពិសេស​ អ្នក​សម្រប​សម្រួល​​បាន​​អនុវត្ត​វិធីសាស្ត្រ​បែប​ចូលរួម​ ដើម្បី​ឱ្យ​អ្នក​ចូល​រួម​ងាយយល់​អំពី​ខ្លឹមសារ​នៃមេរៀន​នីមួយៗ។ សកម្មភាព​​ទាំងអស់​នោះ​រួមមាន​ ល្បែង​ឆ្លុះបញ្ចាំង​ ការពិភាក្សាក្រុម​ ការចាក់​បញ្ចាំង​វីដេអូ និងការឆ្លុះ​បញ្ចាំង​តាម​រយៈ​រូបភាព​។​

អ្នកចូល​រួមទាំងអស់​នឹងត្រូវ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​លើក​ទី៣ ក្រោម​ប្រធាន​បទ​ “ការប្រា​ស្រ័យ​​​​​ទាក់ទងសម្រាប់ការចរចា” នៅដំណាច់ខែកញ្ញានេះខាងមុខនេះ។​ បន្ទាប់មក មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល​ នឹងចាប់ផ្តើម​អនុវត្ត​ជំហាន​ “ការណែ​នាំអនុវត្ត” ដើម្បី​ឈាន​ទៅ​ដល់​ការរៀប​ចំ​គណៈកម្មការ និងយន្តការ​បង្ការ និង​ដោះស្រាយ​វិវាទ​នៅ​កន្លែង​ធ្វើការ។

សូម​រំលឹក​ផង​ដែរ​ថា កម្មវិធី​បង្ការ ​និង​ការដោះស្រាយវិវាទនៅកន្លែងធ្វើការ មានគោលបំណងលើកកម្ពស់សមត្ថភាពកម្មករនិយោជិត និងនិយោជក ក្នុងការដោះស្រាយរាល់បញ្ហាការងារដែលកើតមានឡើង មុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ ឬក៏បង្កឡើងជាទំនាស់តាមរយៈការផ្ដួចផ្ដើមឲ្យមានយន្ដការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ​របស់ពួកគេ៕