ឯករាជ្យភាព៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដំណើរការដោយឯករាជ្យ មិនមានការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅឡើយ។

តម្លាភាព៖ ហេតុផលនៃសេចក្តីសម្រេច និងមូលដ្ឋាននៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានពន្យល់យ៉ាងច្បាស់លាស់នៅក្នុងសេចក្តីប​ង្គាប់ដែលមានទាំងការបោះពុម្ពផ្សាយ និងនៅលើគេហទំព័រ។

ភាពប្រាកដប្រជា៖ អាជ្ញាកណ្តាលគោរពតាមគោលការណ៍ណែនាំដើម្បីរក្សាសង្គតិភាពក្នុងការធ្វើសេចក្តីសម្រេចផ្លូវច្បាប់។

ភាពរហ័សរហួន៖ សំណុំរឿងនីមួយៗនឹងត្រូវបើកសវនាការ ហើយសេចក្តីសម្រេចនឹងត្រូវបានចេញត្រឹមរយៈពេល ១៥ ថ្ងៃ ធ្វើការ។

សុចរិតភាព៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានអនុម័តគោលការណ៍ណែនាំផ្នែកវិជ្ជាជីវៈដើម្បីកំណត់បទដ្ឋានរបស់ខ្លួន។

សមធម៌៖ ភាគីជ្រើសរើសអាជ្ញាកណ្តាលឲ្យចូលរួមក្នុងដំណើរការដោយខ្លួនឯងដើម្បីផ្តល់លទ្ធភាពឲ្យពួកគាត់បានបញ្ចេញមតិដែលជួយដល់ការងារ និងជីវភាពរស់នៅរបស់គាត់។

ការចូលរួមរបស់ភាគីពាក់ព័ន្ធ៖ វេទិកានានាត្រូវបានរៀបចំឡើងជាប្រចាំសម្រាប់តំណាងកម្មករនិយោជិត និងនិយោជក រដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀតពិភាក្សាអំពីបញ្ហានានាជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល។