អាជ្ញាកណ្តាល វង្ស វណ្ណា “ខ្ញុំស្រលាញ់ស្ថាប័ននេះ ហើយខ្ញុំសប្បាយរីករាយនឹងឃើញក្រុមអាជ្ញាកណ្តាលដោះស្រាយវិវាទបានត្រឹមត្រូវ គ្មានភាពលម្អៀង និងប្រកបដោយសម្បជញ្ញៈ”

Share with :

សម្លេងធំគ្រលរប្រកបដោយទំនុកចិត្តមិនបានបង្ហាញថា លោក វង្ស វណ្ណា មានវ័យ ៧៣ ឆ្នាំហើយនោះទេ។ លោកជាជនកម្ពុជាមួយរូបដែលបានចំណាយពេលវេលាស្ទើរតែពាក់កណ្តាលជីវិតរបស់លោកធ្វើការនៅក្នុងវិស័យការងារក្នុងនាមជាមន្រ្តី និងស្ថាបនិកក្រសួងការងារ អ្នកចូលរួមតាក់តែងច្បាប់ការងារ សាស្រ្តាចារ្យច្បាប់ការងារ ស្ថាបនិកក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាល ចាប់ពីពេលកម្ពុជាហៀបនឹងធ្លាក់ចូលក្នុងសង្រ្គាមបង្ហូរឈាម និងការសម្លាប់រង្គាល រហូតដល់ការងើបឡើងវិញឈានមករកស្ថានភាពនាពេលបច្ចុប្បន្ន។

អាជា្ញកណ្តាល វណ្ណា ប្រសូត្រឆ្នាំ ១៩៤២ នៅ ភូមិគូស ស្រុកត្រាំកក់ ខេត្តកែវ។ លោកជាកូនពៅ ក្នុងចំណោមបងប្អូនប្រុសពីរនាក់ដែលកំព្រាឳពុកតាំងតែពីនៅអាយុមិនដល់ ១ខួប នៅឡើយ។ រំលឹកអំពីពេលវេលាអតីតកាលដ៏យូរអង្វែងរស់នៅដោយការតស៊ូក្រោមការបីបាច់ថែរក្សារបស់ម្តាយលោក វណ្ណាបានថ្លែងកោតសរសើរមិនដាច់ពីមាត់អំពីភាពអំណត់ និងប៉ិនប្រសព្វរបស់ម្តាយលោកក្នុងការតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនបានយ៉ាងជោគជ័យ។

ការរស់នៅជាមួយតែម្តាយម្នាក់ជារឿងលំបាកមួយទៅហើយ​ តែអ្វីដែលជាបន្ទុកថែមទៀតនោះ លោកត្រូវឃ្លាតពីម្តាយចាប់តាំងតែពីពេលបញ្ចប់ថ្នាក់បឋមសិក្សាទៅរៀននៅអនុវិទ្យាល័យកៅឌិន ក្នុងស្រុកសំរោង ខេត្តតាកែវ និងវិទ្យាល័យព្រះយុគន្ធរដោយស្នាក់នៅជាមួយបងប្រុសនៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ១៩៦៦ ហើយបានចូលបម្រើការងារដំបូងនៅក្រុមហ៊ុនឯកជនមួយឈ្មោះ សូណា ព្រីម ក្នុងនាមជាបុគ្គលិកផ្នែកលក់ក្រណាត់។

ដោយមានការជម្រុញទឹកចិត្តពីម្តាយដែលចង់ឃើញរូបលោកបម្រើការងារជាមន្រ្តីរាជការមួយរូប នៅឆ្នាំ១៩៦៩ លោក វណ្ណា បានប្រលងជាប់ដោយជោគជ័យចូលបម្រើការងារក្នុងក្របខណ្ឌអភិបាលនៃក្រសួងសង្គមកិច្ច និងការងារ ទទួលបន្ទុកពិនិត្យសំណើរផ្សេងៗពីស្ថាប័ននានាមុនបញ្ជូនទៅរដ្ឋមន្រ្តី ។

នៅចុងឆ្នាំ ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ​ លោកបានត្រលប់ពីស្រុកកំណើតរបស់លោកមកភ្នំពេញ សាជាថ្មី និងចូលបម្រើការងារនៅនាយកដ្ឋានបៀរវត្សពលកម្មរបស់ក្រសួងផែនការ ហើយលោកជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជនឡើងវិញ។​ លោកលើកឡើងថា “ខ្ញុំចង់ឃើញក្រសួងនេះកើតឡើងវិញព្រោះនេះជាស្ថាប័នរដ្ឋអាទិភាពដែលជួយដល់ការងាររបស់ប្រជាពលរដ្ឋ”។

ជាងនេះទៅទៀតនោះ លោកក៏បានចូលរួមចំណែកនៅក្នុងការតាក់តែងច្បាប់ធានារ៉ាប់រងកម្មាភិបាល បុគ្គលិក កម្មករ និងគ្រួសារ ឆ្នាំ១៩៨៣ ច្បាប់សោធននិវត្តន៍ ឆ្នាំ១៩៨៥ និងសេចក្តីព្រាងច្បាប់ស្តីពីការងារឆ្នាំ ១៩៩២ និង១៩៩៧។

ទោះបីជាលោកបានចូលនិវត្តន៍កាលពីឆ្នាំ ១៩៩៧ ពីប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈក្រោយបម្រើការងារក្នុងតួនាទីនេះរយៈពេល ៧ ឆ្នាំ ហើយក្តី លោកនៅតែជាសាស្រ្តាចារ្យវេលាការបង្រៀនច្បាប់ស្តីពីការងារនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាការងារដែលលោកពេញចិត្ត និងបានធ្វើតាំងតែពីឆ្នាំ១៩៨៩ មកម្ល៉េះដើម្បីចែករំលែកចំណេះដឹងជាមួយអ្នក ជំនាន់ក្រោយ។ ពេលដែលលោកជាសាស្រ្តាចារ្យច្បាប់ស្តីពីការងារនេះ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលមួយនៃការរៀបចំ និងពង្រឹងសមត្ថភាពអ្នកជំនាញវិស័យការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅឡើយ ហើយពេលនោះលោកទទួលបានឱកាសចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលជាច្រើនដែលឧបត្ថម្ភដោយអង្គការអន្តរជាតិខាងការងារដូចជានៅប្រទេសជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន​ និងថៃ។

លោកក៏ជាស្ថានិកមួយរូបនៅក្នុងការរៀបចំក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីឆ្នាំ២០០០ ដែលពេលនោះលោក នៅមានក្តីបារម្ភនៅឡើយអំពីដំណើរការរបស់ក្រុមប្រឹក្សានេះដោយសារតែមិនមានសមាជិកធ្វើការពេញម៉ោង តែក្តីបារម្ភនេះបានរសាយទៅវិញនៅពេលក្រុមប្រឹក្សាអាជ្ញាកណ្តាលដំណើរការទៅមុខប្រកបដោយភាពជឿជាក់។ លោកលើកឡើងថា ជោគជ័យនេះកើតឡើងទៅបានដោយសារមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ​ ស្ថាប័នរដ្ឋ ម្ចាស់ជំនួយ និងធនធានរបស់ក្រុមប្រឹក្សាដែលមានឆន្ទៈនៅក្នុងការប្រកាន់ខ្ជាប់នូវភាពសុចរិត និងត្រឹមត្រូវនៅក្នុងការបំពេញមុខងាររបស់ខ្លួន។

“ខ្ញុំស្រលាញ់ស្ថាប័ននេះ ហើយខ្ញុំសប្បាយរីករាយនឹងឃើញក្រុមអាជ្ញាកណ្តាលដោះស្រាយវិវាទបានត្រឹមត្រូវ គ្មានភាពលម្អៀង និងប្រកបដោយសម្បជញ្ញៈ” លោកបន្ថែម។

ទោះបីជាលោកមានមោទនភាពនឹងឃើញរូបរាង និងសមត្ថភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលយ៉ាងនេះក្តី លោកនៅតែបន្តលើកទឹកចិត្តដល់សមាជិកនានាឲ្យខិតខំពង្រឹងសមត្ថភាព និងបទបញ្ជាផ្ទៃក្នុងជាប់ជាប្រចាំដើម្បីធានាបាននូវភាពប្រាកដប្រជានៃកាផ្តល់សេវាកម្មរបស់ស្ថាប័ននេះ។