ព័ត៌មាន

កិច្ចប្រជុំទូទៅរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រចាំឆ្នាំ២០២២ (GMA 2022)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំ កិច្ចប្រជុំទូទៅរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រចាំឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈគ្រប់គ្រងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២១នាក់ (ចូលរួមផ្ទាល់ចំនួន១៥នាក់ និងតាមអនឡាញចំនួន០៥ នាក់)។ កិច្ចប្រជុំបានធ្វើការពិភាក្សាលើចំណុចសំខាន់ដូចខាងក្រោម៖ ១) ការធ្វើបច្ចុប្បន្នភាពសំណុំរឿងដែលបានដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល២) របាយការណ៍សង្ខេបអំពីកិច្ចត្រៀមលក្ខណៈនៃមូលនិធិ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់ចូលរួមដោះស្រាយវិវាទបុគ្គល ៣) របាយការណ៍សង្ខេបអំពីសំណើទម្រង់ស្ថាប័ន នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ៤) ការបង្ហាញអំពីនីតិវិធីនៃការឈរឈ្មោះ និងការជ្រើសរើសជាសមាជិកអាជ្ញាកណ្តាលរួមក្រុមជាលក្ខណៈចំពោះកិច្ចថ្មី (new ad-hoc Fullbench) កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តិទៅប្រកបដោយភាពសិ្នទ្ធស្នាលដោយមានការចូលរួមពិភាក្សាផ្តល់យោបល់ពីអ្នកចូលរួម ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីអំពី “តួនាទី និងការទទួលខុសត្រូវរបស់និយោជក កម្មករនិយោជិត និងសហជីពក្នុងការដោះស្រាយវិវាទ និងការចរចាអនុសញ្ញារួម និងការគ្រប់គ្រងជម្លោះការងារនៅកន្លែងធ្វើការ”

ភ្នំពេញ៖ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលពេញមួយថ្ងៃស្ដីអំពី “តួនាទី និងការទទួលខុសត្រូវរបស់និយោជក កម្មករនិយោជិត និងសហជីពក្នុងការដោះស្រាយវិវាទ និងការចរចាអនុសញ្ញារួម និងការគ្រប់គ្រងជម្លោះការងារនៅកន្លែងធ្វើការ” ដែលមានអ្នកចូលរួមសរុប ៣១ នាក់ (ស្ត្រី ២៣នាក់) មកពីរោងចក្រចំនួនបីរួមមាន SporTex Industrial Co,.LTD, SEES Global និងHorizon Outdoor។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានផ្ដល់បទឧទ្ទេសដោយលោក វ៉ា ម៉ូនីកា នាយកប្រតិបត្តិរង នៃ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលោក ហួ ឆៃឡេង ប្រធានផ្នែកទំនាក់ទំនងនិងបណ្តុះបណ្តាល …Read More>>>

ព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

ខេត្តព្រះសីហនុ៖ ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់មន្ត្រីផ្សះផ្សានៃមន្ទីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បុគ្គលិករដ្ឋបាល សហជីព និងកម្មករមកពីរោងចក្រចំនួន១០ សរុបចំនួន ២៥នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមបើកកម្មវិធីដោយលោក ព្រហ្ម ចន្ទវិចិត្រ អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការធ្វើបទបង្ហាញដោយលោកអាជ្ញាកណ្ដាល អ៊ឹង សុទ្ធី, លោក ប៉ែន សាវ៉ាត ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល, អ្នកស្រី ច្រឹង សុភក្ដវីរិយ៉ា មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់ និងអ្នកស្រី ហ៊ុយ …Read More>>>

ព័ត៌មាន

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចូលរួមជាមួយកម្មករ និយោជិត និងនិយោជកប្រារព្ធទិវាពលកម្មអន្តរជាតិ

អ្វីដែលធ្វើឱ្យឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិកាន់តែពិសេសនោះ គឺការសាទរចំពោះសមិទ្ធផលសម្រេច​បាន​របស់​កម្មករនិយោជិត។​ នៅក្នុងឱកាសដ៏វិសេសនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមចូលរួមជាមួយកម្មករ និយោជិត និងនិយោជករបស់ពួកគេពីគ្រប់វិស័យក្នុងប្រទេសកម្ពុជា ទទួលស្គាល់ និងកោតសរសើរចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែងដ៏ធំធេងរបស់ពួកគេដែលបានចូលរួមធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន និងបន្តចូលរួមដោះស្រាយវិវាទ និងបញ្ហាទាំងឡាយតាមរយៈមធ្យោបាយសន្តិវិធី។ ក្នុងរយៈពេល១៩ឆ្នាំ កន្លងមកនេះ បើទោះបីជាកម្មករនិយោជិត មានសិទ្ធិក្នុងការធ្វើកូដកម្ម សិទ្ធិក្នុងការបង្កើតនិងចូលជាសមាជិកសហជីព សេរីភាពសមាគម ព្រមទាំងទទួលបានវេទិកាដោះស្រាយវិវាទដោយសន្តិវិធីដែលត្រូវបានគេស្គាល់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ទាំងអស់គ្នានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្ត ដើម្បីការពារសិទ្ធិ និងបន្តលើកស្ទួយសេរីភាពសមាគម។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយ​មានការគាំទ្រយ៉ាងពេញលេញនិងមានតម្លៃពីសំណាក់ដៃគូសំខាន់របស់ខ្លួន គឺស្ថានទូតស៊ុយអែត ការិយាល័យប្រចាំទីក្រុងភ្នំពេញ បន្តប្តេជ្ញាក្នុងការផ្តល់ការការពារ និងធ្វើឱ្យប្រសើរឡើង​នូវយន្តការដោះស្រាយវិវាទដោយសន្តិវិធី​សម្រាប់កម្មករនិយោជិត និងនិយោជករបស់ពួកគេ។

ព័ត៌មាន

ACF បានរៀបចំវគ្គសំណួរ-ចម្លើយ ស្តីពីការកសាង និងដំណើរការស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់និស្សិតមកពីសាកលវិទ្យាល័យ Chuo ប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយសាកលវិទ្យាល័យឈូ ប្រទេសជប៉ុន បានរៀបចំវេទិកាសំណួរចម្លើយតាមប្រព័ន្ធហ្ស៊ូម សម្រាប់ក្រុមនិស្សិតច្បាប់របស់សាកលវិទ្យាល័យ បន្ទាប់ពីបានទស្សនាវីឌីអូមេរៀនដែលផ្តល់ជូនកាលពីខែធ្នូកន្លងទៅដោយលោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកនាយកបានឆ្លើយនឹងសំណួរសំខាន់ៗដែលបានលើកឡើងដោយក្រុមនិស្សិត។ ចំណុចសំខាន់ៗដែលបានលើកឡើងក្នុងវេទិកាសំណួរចម្លើយនេះរួមមាន៖ ការធានាបានឯករាជ្យភាព និងក្រមសីលធម៌របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល, ការធ្វើសវនាការ និងការចេញសេចក្តីបង្គាប់, ការយល់ដឹងរបស់ភាគីវិវាទ និងភាគីពាក់ព័ន្ធក្នុងវិស័យការងារអំពីសេចក្តីបង្គាប់, ភាពខុសគ្នានៃសេចក្តីបង្គាប់ជាប់កាតព្វកិច្ច និងមិនជាប់កាតព្វកិច្ច, ទម្រង់នៃវិវាទ និងសំណុំរឿងដែលបានដោះស្រាយញឹកញាប់ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលជាដើម។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលជានិច្ចកាលបានសម្របសម្រួលរៀបចំឱ្យមានការចែករំលែកនូវ ចំណេះដឹង និងបទពិសោធទាក់ទងនឹងការដោះសា្រយវិវាទការងារ សម្រាប់អ្នកសិក្សាស្រាវទាំងនៅថ្នាក់ជាតិ និងក្នុងតំបន់ ដើម្បីពង្រីកការយល់ដឹងពីភាពជោគជ័យនៃយន្តការដោះស្រាយវិវាទការងារដោយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅកម្ពុជា។

ព័ត៌មាន

និស្សិតច្បាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ឆ្នាំ២០២២ មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ សហ​ការ​​ជា​​មួយ​​សាកល​​វិ​ទ្យា​​ល័យ​​អាស៊ីអ៊ឺរ៉ុប រៀប​ចំ​សិក្ខា​​សាលា​​តាម​​អន​ឡាញ​​​​ស្តីពី “នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ” ដែលមានអ្នក​ចូលរួមចំនួន៣៩នាក់ ជានិស្សិតផ្នែកនីតិសាស្ត្រមកពីមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ។ សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់និស្សិតច្បាប់អំពី នីតិវិធីនិងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដែលជាចំណេះដឹងមួយដ៏មានសារៈសំខាន់​សម្រាប់​​អ្នក​សិក្សា​និងប្រកបវិជ្ជាជីវៈច្បាប់។   ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិតែមួយគត់​ដែល​​បាន​ដើរតួនាទីយ៉ាង​​សំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍​របស់កម្មករនិយោជិត និងនិយោជក ការធានាស្ថេរភាព និងផលិតភាពនៅក្នុងវិស័យការងារទាំងមូលនៅកម្ពុជាក្នុងរយៈពេលជិត២០ ឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមទៀតថា យន្តការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល …Read More>>>

ព័ត៌មានថ្មីៗ

កិច្ចប្រជុំលើកទី៥៨ របស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

ថ្ងៃទី១២ ខែកុម្ភៈ ២០២២៖ កិច្ចប្រជុំលើកទី៥៨ របស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានប្រព្រឹត្តិទៅដោយផ្តោតលើរបៀបវារៈសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់មូលនិធិ និងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់និរន្តរភាព និងប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងនោះក្រុមប្រឹក្សាភិបាលក៏បានផ្តល់យោបល់ទៅលើការធ្វើឱ្យមានដំណើរការឡើងវិញគណៈកម្មាធិការប្រឹក្សាយោបល់ផងដែរ។ កិច្ចប្រជុំចាប់ផ្តើមពីម៉ោង ៨.៣០នាទី និងបិទបញ្ចប់នៅម៉ោង ១២.០០រសៀល។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសូមថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិរបស់មូលនិធិដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅការិយាល័យមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតាមរយៈអនឡាញ។

ព័ត៌មាន

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យ Chuo ផលិតវីដេអូបង្រៀនសម្រាប់និស្សិតសាកលវិទ្យាល័យនៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ែន និមិ្មត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានធ្វើបទបង្ហាញស្តីពីការកសាង និងដំណើរការស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា។ មូលនិធិបានរៀបចំវីដេអូបង្រៀននេះ សម្រាប់និស្សិតមហាវិទ្យាល័យនីតិសាស្រ្តនៃសាកលវិទ្យាល័យ Chuo ដោយមានការជួយសម្របសម្រួលពីអ្នកជំនាញរបស់សាកលវិទ្យាល័យគឺលោកស្រី Ai YOKOSUKA បម្រើការនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។ ការបង្រៀនតាមវីដេអូនេះត្រូវបានរៀបចំឡើងបន្ទាប់ពីការលុបចោលមួយលើកជាពីរលើកនៃដំណើរទស្សនកិច្ចរបស់និសិ្សតសាកលវិទ្យាល័យនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយសារតែស្ថានភាពកូវីដ-១៩ ។ បទបង្ហាញផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ប្រវត្តិនិងការបង្កើតស្ថាប័ន យុត្តាធិការនិងការសម្រេចសេចក្តី រចនាសម្ព័ន្ធនិងមុខងារ ប្រភេទនៃវិវាទការងារ និងលទ្ធផលការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដោយផ្អែកលើវីដេអូនេះ សាកលវិទ្យាល័យ Chuo នឹងរៀបចំឱ្យមានវគ្គសំណួរ-ចម្លើយដែលនិស្សិតអាចសួរជាសំណួរមកកាន់នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលើប្រធានបទទាំងនេះ ពីទីក្រុងតូក្យូ ។ វគ្គនេះគ្រោងនឹងធ្វើនៅដើមឆ្នាំក្រោយ។ …Read More>>>