ជំនួបសំណោះសំណាលរបស់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីប្រទេសកាណាដា និងអាមេរិក និង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

Share with :

ភ្នំពេញ៖ នារសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិក និងកាណាដា (National Academy of Arbitrators) បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេសយន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា និងចំណុចសំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកព័ត៌មានពីការវិវត្តន៍ និងការរីកចំរើនវិស័យការងារនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងតាំងពីដំណាក់ដែលប្រទេសកម្ពុជាទើបទទួលបានការរីកចម្រើនជាបណ្តើ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្សារភ្ជាប់បទដ្ឋានការងារអន្តរជាតិជាមួយសហរដ្ឋអាមេរិក។ ក្នុងការគ្រប់គ្រងវិស័យការងារ កម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង ១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ក្នុងនោះមានទាំងអនុសញ្ញាស្នូល៨ ផងដែរ ដោយនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។

លោក Alan Symonette បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ក៏ដូចជាបទពិសោធន៍របស់កម្ពុជាទៅលើការគ្រប់គ្រងវិស័យការងារ។ នាឱកាសនោះលោក ក៏បានចែងរំលែកពីបទពិសោធន៍ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក និងកាណាដា ដែលបានចាប់ផ្តើមវិវត្តន៍រីកចំរើន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្ន មានសមាជិកប្រមាណជាង ៦០០នាក់ ហើយដែលទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និងកាដាណា ដែលទទួលការជឿទុកចិត្តពីភាគីកម្មករនិយោជិត និងនិយោជក។

ភាគីទាំងពីរបានស្វែងយល់ និងរៀនសូត្រពីគ្នាបានល្អប្រសើរ ហើយជំនួបរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល បានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធិស្នាល។