រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សមាគម ដែលមកពីផ្នែកធនធានមនុស្ស រដ្ឋបាល និងអនុលោមច្បាប់សរុប ចំនួន៤៥នាក់ (ស្រី១៩នាក់)។
សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្ដាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១) ប្រភេទនៃវិវាទការងារ
២) យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ
៣) នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងស្ថិតិនៃការដោះស្រាយវិវាទ និង
៤) ទំនាក់ទំនងរវាង ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ
តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ បានទទួលចំណេះដឹងនិងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
