និស្សិតច្បាប់មកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិទទួលបានវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

Share with :

នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ រៀបចំសិក្ខាសាលាអនឡាញស្តីពីនីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និងតុលាការ ជូនដល់​និស្សិត ច្បាប់នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១១០នាក់ ក្នុងនោះស្រ្តី ៤៥នាក់។

នៅក្នុងពិធីបើក លោក ម៉ែន និម្មិត នាយកប្រតិបត្តិ បានផ្តល់កិច្ចស្វាគមន៍ និងគូសបញ្ជាក់ដោយសង្ខេបពីតួនាទី និងឯករាជ្យ ភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារ និងការគាំទ្ររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅក្នុង ដំណើរការការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកស្រី ទេព​ កុលាប សាកលវិទ្យាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសិក្ខាសាលានេះ ទាំងសម្រាប់រូបលោកស្រីផ្ទាល់ ក៏ដូចជានិស្សិតទាំងអស់ដែលអាចយកជាមូលដ្ឋានសម្រាប់អាជីពការងារ នាពេលខាងមុខដែលមិនអាចខ្វះបាន​ ហើយក៏បានស្នើសុំឱ្យមានការយកចិត្តទុកដាក់ និងណែនាំដល់មិត្តភក្តិផ្សេងទៀត​ដែល មិនទាន់បានចុះឈ្មោះ​ឱ្យចូលរួម។​

លោកស្រី សេង វួចហ៊ុន អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាវាគ្មិន​បានធ្វើបទបង្ហាញ និងសម្របសម្រួលវគ្គ​ដោយផ្តោតលើទិដ្ឋភាពធំៗចំនួន៣៖ ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ២) ដំណើរការនិងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង​ ៣) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ។

វគ្គសិក្ខាសាលាទទួលបានការចូលរួមយ៉ាងផុសផុល និងការសាកសួរនូវសំណួរសំខាន់ៗពាក់ព័ន្ធទៅនឹងភាពខុសគ្នារវាងវិវាទអំពីសិទ្ធិ និងអត្ថប្រយោជន៍​ អានុភាពនៃច្បាប់ស្តីពីការងារចំពោះបុគ្គលិកក្នុងស្ថាប័នផ្សេងៗទៀត តើក្រុមប្រឹក្សាអាជ្ញាកណ្តាលជានរណា ហើយមានយន្តការដោះស្រាយវិវាទការងាររបៀបណា ទំនាក់ទំនងនៃច្បាប់ការងារ និងច្បាប់លក្ខន្តិកៈផ្សេងៗរបស់ក្រុមហ៊ុន ការបញ្ឈប់ការងារ ការបិទក្រុមហ៊ុន និងការទូទាត់សំណង។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបន្តកិច្ចសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើការផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមចំណែកក្នុងការបង្កើត បរិយាកាស និងទំនាក់ទំនងការងារល្អប្រសើរនៅកន្លែងការងារ។